2024 NSW Local Government elections |
ការបោះឆ្នោតរដ្ឋាភិបាលមូលដ្ឋានរដ្ឋញូវសៅវែល ឆ្នាំ2024
ការបោះឆ្នោតរដ្ឋាភិបាលមូលដ្ឋានរដ្ឋញូវសៅវែល នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2024។ ការបោះឆ្នោតគឺជាកាតព្វកិច្ច។
On this page
អំពីការបោះឆ្នោតរដ្ឋាភិបាលមូលដ្ឋាន
រដ្ឋញូវសៅវែលត្រូវបានចែកជា128តំបន់រដ្ឋាភិបាលមូលដ្ឋាន។ តំបន់រដ្ឋាភិបាលមូលដ្ឋាននីមួយៗ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សា ហើយអ្នកបោះឆ្នោតនៅក្នុងតំបន់នីមួយៗ ជ្រើសរើសមនុស្សដើម្បីធ្វើជាតំណាងឱ្យពួកគេនៅក្នុងក្រុមប្រឹក្សា។ សមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតត្រូវបានគេហៅថាទីប្រឹក្សាក្រុង ហើយប្រធានក្រុមប្រឹក្សា គឺជាអភិបាលក្រុង។
តំបន់រដ្ឋាភិបាលមូលដ្ឋានមួយចំនួន ត្រូវបានបែងចែកជាមណ្ឌល។ ប្រសិនបើអ្នករស់នៅក្នុងតំបន់ក្រុមប្រឹក្សាដែលបានបែងចែក អ្នកនឹងបោះឆ្នោតឱ្យតែមណ្ឌលដែលអ្នកបានចុះឈ្មោះប៉ុណ្ណោះ។
អ្នកបោះឆ្នោតនៅក្នុងតំបន់ខ្លះ ក៏បោះឆ្នោតដើម្បីជ្រើសរើសអភិបាលក្រុងរបស់ពួកគេផងដែរ។ នៅតំបន់ផ្សេងទៀត អភិបាលក្រុងត្រូវបានជ្រើសរើសដោយទីប្រឹក្សាក្រុងដែលជាប់ឆ្នោត។
តួនាទីរបស់ក្រុមប្រឹក្សា
តួនាទីរបស់ក្រុមប្រឹក្សាមូលដ្ឋានក្នុងរដ្ឋញូវសៅវែល គឺមើលខុសត្រូវលើតម្រូវការរបស់ទីក្រុង ឬសហគមន៍មូលដ្ឋាន។
ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សា រួមមាន៖
- ការធ្វើផែនការ និងការធ្វើសេចក្តីសម្រេចលើការបែងចែកតំបន់ឡើងវិញ
- ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធទឹកតាមមូលដ្ឋាន
- បណ្ណាល័យ កន្លែងកីឡា និងឧទ្យាន
- ការប្រមូលសំរាមតាមផ្ទះ និងសំរាមកែច្នៃឡើងវិញ។
តើខ្ញុំដឹងថាខ្ញុំត្រូវបោះឆ្នោតដោយរបៀបណា?
(ការចុះឈ្មោះបោះឆ្នោត)
អ្នកត្រូវតែចុះឈ្មោះបោះឆ្នោត ប្រសិនបើអ្នកមានអាយុ18ឆ្នាំឡើងទៅ ហើយជាពលរដ្ឋអូស្ត្រាលី។
វាជាកាតព្វកិច្ចក្នុងការបោះឆ្នោត។ ការបោះឆ្នោតអនុញ្ញាតឱ្យអ្នកជ្រើសរើសនរណាដែលធ្វើជាតំណាងឱ្យអ្នកនៅក្នុងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងមូលដ្ឋាន។
អ្នកអាចចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើអ្នក៖
- ជាពលរដ្ឋអូស្ត្រាលី ហើយ
- មានអាយុចាប់ពី16ឆ្នាំឡើងទៅ (ប៉ុន្តែអ្នកមិនអាចបោះឆ្នោតបានទេរហូតដល់អាយុ18ឆ្នាំ) ហើយ
- បានរស់នៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់អ្នកយ៉ាងហោចណាស់មួយខែ។
អ្នកអាចចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតអំពីការចុះឈ្មោះរបស់អ្នកនៅលើ គេហទំព័ររបស់គណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី ឬបំពេញទម្រង់បែបបទជាក្រដាស។
នៅពេលការចុះឈ្មោះរបស់អ្នកបានបញ្ចប់ហើយ អ្នកនឹងទទួលបានលិខិតបញ្ជាក់ឈ្មោះរបស់អ្នក ដូចដែលបានបង្ហាញនៅលើបញ្ជីបោះឆ្នោត ហើយថាមណ្ឌលបោះឆ្នោតសហព័ន្ធ មណ្ឌលបោះឆ្នោតរដ្ឋ និងតំបន់រដ្ឋាភិបាលមូលដ្ឋានមួយណាដែលអ្នកបានចុះឈ្មោះ។
ដំណើរការចុះឈ្មោះជាភាសាអង់គ្លេស។
ជម្រើសការបោះឆ្នោត
មានជម្រើសការបោះឆ្នោតមួយចំនួន សម្រាប់ការបោះឆ្នោតរដ្ឋាភិបាលមូលដ្ឋានរដ្ឋញូវសៅវែល ឆ្នាំ2024។
សម្រាប់ការបោះឆ្នោតទាំងនេះ អ្នកអាចបោះឆ្នោត៖
- ដោយផ្ទាល់នៅមុនថ្ងៃបោះឆ្នោត នៅកន្លែងបោះឆ្នោតមុនថ្ងៃបោះឆ្នោត (ប្រសិនបើអ្នកមានសិទ្ធិ) ឬ
- ដោយផ្ទាល់នៅថ្ងៃបោះឆ្នោត ឬ
- ដោយការបោះឆ្នោតតាមប្រៃសណីយ៍ (ប្រសិនបើអ្នកមានសិទ្ធិ)។
ដើម្បីពិនិត្យមើលកន្លែងដែលអ្នកអាចបោះឆ្នោតនៅ ឬមុនថ្ងៃបោះឆ្នោត សូមបញ្ចូលអាសយដ្ឋានរបស់អ្នកនៅក្នុងការស្វែងរកអាសយដ្ឋាន នៅទីនេះ
បញ្ចូលអាសយដ្ឋាននៃកន្លែងដែលអ្នកបានចុះឈ្មោះបោះឆ្នោត ដើម្បីស្វែងរកបញ្ជីកន្លែងបោះឆ្នោត និងព័ត៌មានអំពីម៉ោងបើក និងផ្លូវចេញចូលសម្រាប់ជនពិការនៃកន្លែងនីមួយៗ។
ប្រសិនបើអ្នកពិការភ្នែក ឬមានចក្ខុវិស័យចុះខ្សោយ អ្នកអាចបោះឆ្នោតដោយប្រើការបោះឆ្នោតតាមទូរសព្ទ ដែលមានជំនួយពីបុគ្គលិកដោយហៅទូរសព្ទទៅលេខ 1300 248 683 ដើម្បីចុះឈ្មោះ និងបោះឆ្នោត។
អ្នកអាចបោះឆ្នោតបានតែម្តងគត់នៅការបោះឆ្នោតទាំងនេះ។
សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋាន
នៅពេលដល់ពេលបោះឆ្នោត អ្នកនឹងបានទទួលសន្លឹកឆ្នោតមួយ ឬច្រើនដើម្បីបំពេញ អាស្រ័យលើតំបន់ក្រុមប្រឹក្សា ឬមណ្ឌលដែលអ្នកបានចុះឈ្មោះដើម្បីបោះឆ្នោត។
អ្នកបោះឆ្នោតទាំងអស់នឹងត្រូវបានផ្តល់សន្លឹកឆ្នោតបោះជ្រើសរើសទីប្រឹក្សាក្រុងដើម្បីបំពេញ។ អ្នកក៏អាចទទួលបានសន្លឹកឆ្នោតបោះជ្រើសរើសអភិបាលក្រុង សន្លឹកឆ្នោតប្រជាមតិ និង/ឬសន្លឹកឆ្នោតស្ទង់មតិផងដែរ។
សូមអានសេចក្តីណែនាំនៅលើសន្លឹកឆ្នោតនីមួយៗដោយយកចិត្តទុកដាក់។ សេចក្តីណែនាំត្រូវបានសរសេរជាភាសាអង់គ្លេស។
សូមចងចាំថា ប្រសិនបើអ្នកបោះឆ្នោតដោយផ្ទាល់ ហើយត្រូវការជំនួយ សូមស្នើសុំឱ្យបុគ្គលិកជំនួយការបោះឆ្នោតរៀបចំអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទសម្រាប់អ្នក។ អ្នកក៏អាចនាំមិត្តភក្តិ សមាជិកគ្រួសារ ឬអ្នកថែទាំមកជាមួយផងដែរ ដើម្បីជួយអ្នកឱ្យយល់ពីសេចក្តីណែនាំអំពីការបោះឆ្នោត។
ទីប្រឹក្សាក្រុង
ក្រុមប្រឹក្សាមួយចំនួន ត្រូវបានបែងចែកទៅជាតំបន់តូចៗដែលហៅថាមណ្ឌល។ ប្រសិនបើអ្នករស់នៅក្នុងក្រុមប្រឹក្សាមួយក្នុងចំណោមក្រុមប្រឹក្សាទាំងនេះ អ្នកនឹងបោះឆ្នោតឱ្យទីប្រឹក្សាក្រុងនានាដើម្បីតំណាងឱ្យមណ្ឌលរបស់អ្នក ដែលនឹងចូលរួមជាមួយទីប្រឹក្សាក្រុងនានាមកពីមណ្ឌលផ្សេងទៀតនៅក្នុងក្រុមប្រឹក្សានោះ។
នៅក្នុងក្រុមប្រឹក្សាមួយចំនួន សន្លឹកឆ្នោតនឹងមានខ្សែបន្ទាត់មួយក្រាស់គូសកាត់ទំព័រ ដោយមានប្រអប់បោះឆ្នោតរាងការ៉េមួយចំនួន ទាំងនៅខាងលើ និងនៅខាងក្រោមខ្សែបន្ទាត់នោះ។ នៅលើសន្លឹកឆ្នោតទាំងនេះ អ្នកអាចគូសយកចំណង់ចំណូលចិត្តរបស់អ្នក នៅខាងលើខ្សែបន្ទាត់ក៏បាន ឬនៅក្រោមខ្សែបន្ទាត់ក៏បាន។ សូមអានសេចក្តីណែនាំដោយយកចិត្តទុកដាក់។
អភិបាលក្រុង
នៅក្នុងក្រុមប្រឹក្សាមួយចំនួន អភិបាលក្រុងត្រូវបានជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាបន្ទាប់ពីការបោះឆ្នោត។
នៅក្នុងក្រុមប្រឹក្សាផ្សេងទៀត អភិបាលក្រុងត្រូវបានជ្រើសរើសដោយផ្ទាល់ដោយអ្នកបោះឆ្នោត។ អ្នកបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាទាំងនេះ ក៏នឹងទទួលបានសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងដើម្បីបំពេញផងដែរ។
ការធ្វើប្រជាមតិ ឬការស្ទង់មតិ
ក្រុមប្រឹក្សាមួយចំនួនក៏អាចធ្វើប្រជាមតិដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមប្រឹក្សា ឬការស្ទង់មតិអំពីបញ្ហានៅក្នុងសហគមន៍របស់អ្នកផងដែរ។
ដើម្បីបំពេញសន្លឹកឆ្នោតធ្វើប្រជាមតិ ឬស្ទង់មតិ សូមធ្វើតាមសេចក្តីណែនាំដើម្បីគូស 'បាទ/ចាស' ឬ 'ទេ'។